រថយន្តអគ្គិសនីថ្មីរបស់ Volkswagen មួយនេះអាចប្រែពណ៌បាន ហើយគ្រាន់ថ្នាំលាបដល់ទៅ ៤០ឯណោះ!
ក្នុងបេសកកម្មជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់បានសម្ពោធរថយន្តរបស់ខ្លួនឈ្មោះថា ID.7 ជាមួយការលេងពណ៌ពេញមួយតួឡាន ក្នុងពិព័រណ៍បច្ចេកវិទ្យាអេឡិចត្រូនិក Consumer Electronics Show (CES) នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក។ រថយន្ត ID.7 ជាប្រភេទតួទាបទ្វារបួន ដែលត្រូវបានបង្ហាញក្នុងពិព័រណ៍ផលិតផលបច្ចេកវិទ្យាអេឡិចត្រូនិកដ៏ធំបំផុតក្នុងពិភពលោក។

ម៉ូដែលអគ្គិសនីនេះត្រូវបានស្រោបដោយថ្នាំប្រែពណ៌ឆ្លាតវៃ ដែលលាយបញ្ចូលរវាងបច្ចេកវិទ្យាទឹកថ្នាំ និងការលាបជាច្រើនស្រទាប់នៅលើតួរថយន្ត ដែលបង្កើតបានជាចំណាំងពន្លឺយ៉ាងឡូយលើរថយន្ត ID.7។
ក្រុមហ៊ុន Volkswagen បានហៅរថយន្តនេះថា ជាយានដែលបំពាក់ដោយបច្ចេកវិទ្យាអន្តរសកម្ម ដែលជានិមិត្តរូបនៃដំណើរឆ្ពោះទៅរកបច្ចេកវិទ្យាឌីជីថលទំនើបចុងក្រោយនៃត្រកូលរថយន្តអាល្លឺម៉ង់ដ៏ល្បីល្បាញនេះ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន បានឱ្យដឹងថា ការលាបពណ៌លើរថយន្តមិនតិចជាង ៤០ស្រទាប់នោះទេ ហើយស្រទាប់ខ្លះមានធាតុលោហៈចម្លងអគ្គិសនី និងកម្ដៅ រីឯស្រទាប់ខ្លះទៀតជាទឹកថ្នាំអីុសូឡង់។ ទីតាំង ២២ចំណុចលើតួរថយន្តអាចត្រូវបានបញ្ជាដាច់ដោយឡែកពីគ្នា ហើយវាត្រូវបានដំណើរការដោយថាមពលអគ្គិសនីស្ថិតនៅស្រទាប់ក្រោមនៃ ទឹកថ្នាំស្រោបផ្នែកខាងក្រៅបំផុត ដែលជាស្រទាប់អេឡិចត្រូបញ្ចេញពន្លឺ។ប្រសិនបើវាត្រូវបានភ្ជាប់នឹងប្រព័ន្ធសម្លេង ក្រុមហ៊ុន Volkswagen អះអាងថា ចង្វាក់ភ្លេងនឹងត្រូវបានរំលេចតាមរយៈពន្លឺនៅទីតាំងណាមួយនៃតួរថយន្ត។
